ដើម្បីជាការលើកទឹកចិត្ត និងចូលរួមសម្រួលដល់ជីវភាពបងប្អូនសាសនិកអ៉ិស្លាម ក្នុងកំឡុងពេលត្រៀមចូលកាន់បួសនៃពិធីបុណ្យរ៉ាម៉ាឌនដ៏វិសុទ្ធ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងផ្ដល់កិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាផ្នែកតាហ្វីស (Tahfiz) និងប័ណ្ណសរសើរជូនដល់សិស្សានុសិស្សនៃសាលា «ម៉ាដរ៉ាសាស នូរុលហាហ្វីហ្សោះអង្គរជា»។
ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងយ៉ាងអធិកអធមនៅក្នុងបរិវេណសាលា ស្ថិតក្នុងភូមិអង្គរជា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សេង សុខខឿន អភិបាលនៃគណៈអភិបាលស្រុកត្បូងឃ្មុំ, លោកមេឃុំស្រឡប់, លោកស្រី សឡេះ ប៉ាត្រីយ៉ៈ នាយិកាសាលា «ម៉ាដរ៉ាសាស នូរុលហាហ្វីហ្សោះអង្គរជា», អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានយ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម លោកស្រី សឡេះ ប៉ាត្រីយ៉ៈ នាយិកាសាលា បានឡើងអានរបាយការណ៍សង្ខេប ស្តីពីសកម្មភាពការងារបង្រៀន និងរៀននៅក្នុងសាលា ដោយបានបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ ក្នុងការបណ្ដុះបណ្ដាលសិស្សានុសិស្សទាំងផ្នែកភាសាអង់គ្លេស និងការទន្ទេញគម្ពីរអាល់គួរអាន (Tahfiz)។ គិតត្រឹមបច្ចុប្បន្ន សាលាមានសិស្សសរុបចំនួន ៨៥នាក់ (ក្នុងនោះបញ្ចប់ការទន្ទេញគម្ពីរអាល់គួរអានបាន ៥៥នាក់) និងបានបញ្ជូនសិស្សទៅបន្តការសិក្សានៅប្រទេសម៉ាឡេស៊ីចំនួន១៧នាក់ រហូតទទួលបានជោគជ័យ និងបញ្ចប់ការសិក្សានាថ្ងៃនេះ។ គួររំលឹកផងដែរថា សាលានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយមានបុគ្គលិកសរុប ៨នាក់ (ស្រី ៣នាក់)។
បន្ទាប់មក លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានមានមតិស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ វណ្ណា។ លោកអភិបាលស្រុកបានសម្តែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលតែងតែចុះផ្ទាល់ដល់មូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងដោះស្រាយរាល់ការលំបាករបស់បងប្អូនសាសនិកអ៉ិស្លាមក្នុងស្រុកត្បូងឃ្មុំ ជាពិសេសក្នុងឱកាសត្រៀមរៀបចំពិធីបុណ្យសាសនាដ៏ធំខាងមុខនេះ។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម ឆាយ វណ្ណា បានសម្ដែងនូវក្តីសប្បាយរីករាយដែលបានចុះមកជួបសំណេះសំណាលជាមួយក្មួយៗសិស្សានុសិស្ស និងបងប្អូនសាសនិកអ៉ិស្លាមក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។ ក្នុងឱកាសនោះ ឯកឧត្តមបានក្រើនរំលឹកដល់សិស្សានុសិស្សនូវចំណុចសំខាន់ៗចំនួន ២៖
១. ការអប់រំជាស្ពាននៃអនាគត៖ ការសិក្សាគឺជាមធ្យោបាយតែមួយគត់ដើម្បីឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ សិស្សានុសិស្សត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹងទាំងផ្នែកសាសនា និងចំណេះដឹងទូទៅ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។
២. ការចៀសឆ្ងាយពីអបាយមុខ៖ ឯកឧត្តមបានសង្កត់ធ្ងន់ និងស្នើឱ្យយុវជនទាំងអស់ត្រូវនៅឱ្យឆ្ងាយដាច់ខាតពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះវាជាប្រភពនៃមហន្តរាយបំផ្លាញអនាគត និងបង្កអសន្តិសុខដល់សង្គម។
បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនសាសនិកឱ្យត្រៀមខ្លួនឱ្យបានល្អប្រសើរ ទាំងផ្នែកស្មារតី និងរាងកាយ តាមរយៈគោលការណ៍សំខាន់ៗរួមមាន៖
- ការតាំងចិត្ត (Niyyah)៖ ជម្រះចិត្តឱ្យបរិសុទ្ធ និងចេះអភ័យទោសឱ្យគ្នាទៅវិញទៅមក។
- សុខភាព៖ ថែរក្សាសុខភាព កែប្រែទម្លាប់បរិភោគ និងពិសាទឹកឱ្យបានច្រើនមុនចូលខែបួស។
- ការអនុវត្តសីលធម៌៖ ការបួសគឺជាការហ្វឹកហាត់ភាពអត់ធ្មត់ ដូច្នេះត្រូវរក្សាសាមគ្គីភាព និងបង្កើនការធ្វើទាន (Sadaqah) ក្នុងសហគមន៍។
ជាចុងបញ្ចប់ ឯកឧត្តមអធិបតី និងក្រុមការងារ បានអញ្ជើញប្រគល់សញ្ញាបត្រ និងប័ណ្ណសរសើរជូនដល់សិស្សានុសិស្សដែលមានស្នាដៃល្អ ព្រមទាំងបានចែកអំណោយជាគ្រឿងឧបភោគបរិភោគ (ស្បៀងអាហារសម្រាប់ខែបួស) ជូនដល់គ្រួសារសិស្សានុសិស្ស និងប្រជាពលរដ្ឋចំនួន១២០គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាព។
សូមជម្រាបផងដែរថា អំណោយទាំងនេះគឺជាអំណោយសប្បុរសធម៌ដែលទទួលបានពីសប្បុរសជនពីប្រទេសសិង្ហបុរី តាមរយៈការសម្របសម្រួលរបស់ថ្នាក់ដឹកនាំសាលាម៉ាដរ៉ាសាស នូរុលហាហ្វីហ្សោះអង្គរជាផ្ទាល់៕
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន